Success Ways

ផ្ទាំងពាណិជ្ជកម្ម



Friday, March 3, 2017

·   0

ល្បិច​ប្លន់​ថ្មី​របស់​ក្រុម​ចោរ សូម​មេត្តា​ប្រុង​ប្រយ័ត្ន !





ខេត្តក្រចេះ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ បក្សពួក​៣​នាក់​ ផ្សេង​ទៀត​ដែល​បាន​ធ្វើលេស​ចុះ​ជួយ​លើក​ទុយោ​ទឹក​ ដាក់​លើ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ដែល​ជ្រុះ​នៅ​កណ្តាលផ្លូវហើយ​ឆ្លៀត​ ឱកាស​ព្រួត​វាយ​ជន​រង​គ្រោះ​ ឆក់​យក​កាបូប​លុយ តែ​មិន​បាន​សម្រេច​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ ស្រុក​ស្នួល​ប្រដេញ​ស្ទាក់​ចាប់​បាន ។
ករណី​អំពើ​លួច​ ដោយ​ប្រើ​ហិង្សា​មួយ​នេះ​ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​ក្បែរ​នឹង​ ទីប្រជុំជន​ស្រុក​ស្នួល និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​​មានការ​ស្រែក​ ឆោ​រ​ឡោ​ពី​ជន​រង​គ្រោះ​ឲ្យ​ជួយ​ចាប់ចោរ ។
បើ​តាម​លោក​វរសេនីយ៍ទោ ចាន់ សុខ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល​ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម សារី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល បាន​ជិះ​ម៉ូតូ​ដឹក​ទុយោ​ទឹក​ ដែល​ទិញ​ពី​ផ្សារ​ដើម្បី​យក​ទៅ​ចម្ការ ។ លុះ​ពេល​ដែល​កំពុង​តែ​ជិះ​ស្រាបតែ​ដាច់​ខ្សែរឹត​ប ណ្តាល​ឲ្យ​ទុយោ​ធ្លាក់​ពេញ​ផ្លូវ ។
ភ្លាម​ៗ​ជនសង្ស័យ​មាន​គ្នា​ ៤​នាក់​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង​បាន​ធ្វើ​លេស​ជា​ចុះ​មក​ជួយ​លើក និង​រឹត​ចង់​ទុយោ​ដាក់​លើ​ម៉ូតូ ។ ក្នុង​ពេល​ធ្វើ​សម្មភាព​ ក្រុម​ជនល្មើស​បាន​ព្រួត​វាយ​ប្រតាយប្រតប់​លើ​ជន​រង​គ្រោះ​ ដើម្បី​ឆក់​កាបូប​លុយ​របស់​ជន​រង​គ្រោះ​ ដែល​មាន​លុយ​ចំនួន​ ៣​ពាន់​ដុល្លារ​នៅ​ក្នុង​កាបូប ។
លោក​អធិការ​បាន​បញ្ជាក់​ថា ក្នុង​ពេល​ប្រតាយប្រតប​ ឆក់​ការ​បូ​ប​លុយ​ជន​រង​គ្រោះ​ក៏​ស្រែក​ឲ្យ​គេឯង​ជួយ​ ខណៈ​ដែល​នៅ​តំបន់​នោះ​មាន​មនុស្ស​ច្រើន និង​ស្ទុះ​ទៅ​ចាប់​ជន​សង្ស័យ ដែល​ជា​អ្នក​ឆក់​នោះ​បាន​ម្នាក់ ។ ពេល​ឃើញ​សភាព​មិន​ស្រួល​ជនសង្ស័យ​ក៏​បាន​បោះ​កាបូប​លុយ​មក​ឲ្យ​វិញ​ ដោយ​មិន​បាន​យក​លុយ​ទាំងនោះ​ទេ និង​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ម្នាក់​​១​គ្រឿង​គេចខ្លួន ។
ភ្លាម​ៗ​ក្រោយ​ការ​ភ្ញាក់ផ្អើល​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ សហការ​ជាមួយ​កម្លាំង​នគរបាល​ល្បាត​ស្រុក​បាន​ប្រដេញ​ស្ទាក់​ ចាប់​បក្សពួក​ជនសង្ស័យ​ បាន​ម្នាក់​ឈ្មោះ ឡោ ខេ​ង អាយុ ៤៨​ឆ្នាំ រស់នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល និង​ម៉ូតូ​១​គ្រឿង​ដែល​ជន​ជិះ​ធ្វើ​សកម្មភាព ចំណែកឯ​៣​នាក់​ទៀត​បាន​គេចខ្លួន​បាត់​ស្រមោល ។
បើ​តាម​ជន​រង​គ្រោះ​ ក៏​ដូច​ជាតា​មការ​លើក​ឡើង​ របស់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការ​រង​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ជនសង្ស័យ និង​បក្សពួក​ចំនួន​៣​នាក់​ផ្សេង​ទៀត​ធ្លាប់​​បាន​ ប្រព្រឹត្ត​សកម្មភាព​បែប​នេះ​ បាន​សម្រេច​ជា​បន្តបន្ទាប់​នៅ​តាម​បណ្តា​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ៕

Subscribe to this Blog via Email :