ដោយលោកបានឆ្លើយតបទៅកាន់វិទ្យុបារាំង RFI ម៉ោញ សារ៉ាត់ ដែលជាអតីតប្រធានអង្គការទស្សនៈខ្មែរដើម្បីអភិវឌ្ឍន៍ រូបនេះ ក៏បានអះអាងទៀតថា លោកមិនមែនជាឪពុករបស់ Maddox ឡើយ ហើយក៏មិនបានទាមទារសិទ្ធិចិញ្ចឹមកូនអ្វីដែរ។ លោកបានលើកឡើងទៀតថា លោកពិតជាមានការភ្ញាក់ផ្អើល ហើយអស់សំណើចដែរ ចំពោះព័ត៌មានទាំងឡាយ ព្រោះលោកមិនបានផ្ដល់ព័ត៌មានណាមួយទៅកាសែត The Sun របស់អង់គ្លេសនេះទេ ហើយលោកក៏ឆ្ងល់ដែរថាគេបានប្រភពពីណាមក។
បុរសដែលរងការចោទប្រកាន់ខាងលើ បន្តថា សម្រាប់លោកមិនជាបញ្ហាអ្វីទេ តែលោកខ្លាចប៉ះពាក់ដល់កេរ្តិ៍ឈ្មោះរបស់ Angelina Jolie ព្រោះលោក ក៏ធ្លាប់ជាមិត្តនឹងគ្នាដែរដោយកាលពីមុននោះលោកជាប្រធានអង្គការ ហើយតារាហូលីវូដរូបនេះ ជាម្ចាស់ជំនួយរបស់លោក។
បន្ថែមពីលើនេះ ដោយនិយាយដល់ទំនាក់ទំនងលោក និងម្ដាយកូនចិញ្ចឹមមួយគូនេះ លោក សារ៉ាត់ បញ្ជាក់ថា ខ្លួនគ្រាន់ជាអ្នករត់ការណ៍ផ្លូវច្បាប់ដើម្បីប្តូរឈ្មោះរបស់ Maddox ពី វិបុល ជីវ័ន្ត ទៅជា Maddox Jolie ប៉ុណ្ណោះ នៅតុលាការខេត្តបាត់ដំបង ក្នុងឆ្នាំ២០០៣។ ក្រៅពីនេះ លោកក៏មិនបានស្គាល់ច្បាស់ពីឪពុកម្ដាយរបស់ Maddox ដែរ។
ដូច្នេះជាថ្មីម្ដងទៀត លោកសុំបដិសេធទាំងស្រុង រាល់ព័ត៌មានដែលកើតឡើង និងស្នើប្រិយមិត្តលើបណ្ដាញសង្គម គួរតែតាមឲ្យដល់ឬសគល់នៃសាច់រឿង មុនធ្វើការរិះគន់នរណាម្នាក់ ក៏ដូចជារូបលោកផ្ទាល់៕
អត្ថបទ៖ Mr. Mike